Tuesday, 27 October 2020

មហាសេដ្ឋី Bill Gates ព្រមានជាថ្មីម្ដងទៀតថា៖ « ទោះដល់ចុងឆ្នាំ២០២១ ក៏ពិភពលោកមិនអាចត្រលប់ទៅដូចដើមវិញដែរ »

 

លោក Bill Gates គឺជាបុគ្គលម្នាក់ដែលតែងតែព្រមានទៅលើជំងឺរាតត្បាតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកាលពីពេលថ្មីៗនេះលោកបានធ្វើការព្រមានជាថ្មីម្ដងទៀតថា៖ « ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ក៏ដោយ ក៏ពិភពលោកមិនអាចត្រលប់ទៅដូចដើមវិញដែរ នៅចុងឆ្នាំ២០២១ »។


នៅក្នុងបទសម្ភាសន៍មួយដែលនឹងត្រូវចាក់ផ្សាយជាសាធារណៈ មហាសេដ្ឋីរូបនេះបានប្រាប់ទៅលោក Andy Serwer អគ្គនាយកក្រុមហ៊ុន Yahoo ថា៖ « ដោយសារភាពយឺតយ៉ាវនៃការឆ្លើយតបជាសកល ទោះនៅចុងនៅឆ្នាំ២០២១ វីរុសកូវីដមិនឈប់រាតត្បាតទេ ហើយពិភពលោកក៏មិនវិលទៅរកសភាពដើមវិញដែរ »។


លោកបានបានបញ្ជាក់បន្ថែមថា៖ « ជារឿងគួរឲ្យសោកស្ដាយមួយដែលយើងបានឃើញចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ហើយក្នុងកម្រិតខ្ពស់ទៀត។ ហេតុផលដែលចំនួនទាំងនេះខ្ពស់ខ្លាំង គឺដោយសារតែការឆ្លើយតបរបស់យើងមិនសូវល្អ »​។ គួរឲ្យដឹងផងដែរថា គិតមកទល់ថ្ងៃនេះ ទិន្នន័យដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យអាមេរិកបង្ហាញថា ចំនួនករណីឆ្លងវីរុសនេះមានចំនួនជិត ៤៣ លាននាក់នៅទូទាំងពិភពលោក បានឆក់យកជីវិតមនុស្សជាង ១លាននាក់ និងវាយប្រហារទៅលើសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន៕


នាំមកជូនដោយៈ LKO888KH



Monday, 26 October 2020

អតីតប្រធានាធិបតីដែលក្រីក្របំផុតនៅលើពិភពលោក បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយហើយ

 

អតីតប្រធានាធិបតីអ៊ុយរុយហ្គាយលោក Jose Mujica ដែលត្រូវបានគេប្រសិទ្ធនាមថាជា « ប្រធានាធិបតីក្រីក្របំផុតលើពិភពលោក » ដោយសារតែរបៀបរស់នៅដ៏សាមញ្ញរបស់គាត់ បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយហើយ។ អតីតប្រធានាធិបតីវ័យ ៨៥ ឆ្នាំរូបនេះ បានប្រាប់នៅក្នុងសម័យប្រជុំសភាមួយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា គាត់ប្រឈមនឹងបញ្ហាកាន់តែខ្លាំងដោយសារ វ័យកាន់តែចាស់ ហើយមានជំងឺប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលនេះជាមូលហេតុធ្វើឲ្យគាត់ចូលនិវត្តន៍។

ជាមួយគ្នានេះដែរ គាត់ក៏បានលើកឡើងពីជំងឺរាតត្បាតដោយវីរុស Covid-19 ដែលជាហេតុផលមួយសម្រាប់ការសម្រេចចិត្តរបស់គាត់ក្នុងការចូលនិវត្តន៍។ លោកបាននិយាយថាការងាររបស់សមាជិកសភា គឺដើម្បីនិយាយជាមួយប្រជាជន និងចុះត្រួតពិនិត្យតាមតំបន់ជាច្រើន តែដោយសារវីរុស Covid-19 គាត់មិនអាចចុះទៅបាន ហើយការធ្វើការដោយត្រូវអង្គុយនៅតែក្នុងការិយល័យ មិនអាចឲ្យគាត់បំពេញភារកិច្ចរបស់ខ្លួនបានឡើយ។

លោក Jose Mujica បានបម្រើការជាប្រធានាធិបតីអស់រយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ ២០១៥ ហើយក្នុងអាណត្តិរបស់លោកជាប្រធានាធិបតី លោកបានបរិច្ចាគប្រាក់ខែភាគច្រើនរបស់លោកទៅឱ្យអង្គការសប្បុរសធម៌ និងរស់នៅក្នុងកសិដ្ឋានមួយជាមួយភរិយា និងចិញ្ចឹមសត្វពីរ បី ក្បាលប៉ុណ្ណោះ។ បន្ទាប់ពីលោកលាឈប់ពីតំណែងជាប្រធានាធិបតី លោកបានក្លាយជាសមាជិកព្រឹទ្ធសភា ហើយគិតមកត្រឹមបច្ចុប្បន្ននេះ លោកបានប្រកាសថា នឹងចូលនិវត្តន៍ឈប់ធ្វើនយោបាយ។​ ទន្ទឹមនឹងនេះសុន្ទរកថារបស់ Mujica នៅឯអង្គការសហប្រជាជាតិដែលបានរិះគន់ការផ្លាស់ប្តូររបស់ពិភពលោកចំពោះការប្រើប្រាស់ដ៏ច្រើន ត្រូវបានបកប្រែទៅក្រៅប្រទេស ហើយលក់ដាច់បំផុតនៅក្នុងប្រទេសជប៉ុន៕







នាំមកជូនដោយៈ LKO888KH



Sunday, 25 October 2020

ទស្សនវិទូក្រិកសូក្រាត៖ « ប្រទេសមួយដែលរីកចម្រើន តែងមាន អ្នកប្រាជ្ញច្រើន អ្នកមានច្រើន និងយោធាមានវិន័យច្បាស់លាស់ »

 

សូក្រាត គឺជាទស្សនវិទូក្រិកបុរាណដែលត្រូវបានគេចាត់ទុកថា ជាប្រភពសំខាន់នៃគំនិតលោកខាងលិច គាត់ត្រូវបានគេកាត់ទោសប្រហារជីវិតចំពោះវិធីសាស្រ្តនៃការសួរសំនួររបស់គាត់។ ជាមួយគ្នានេះដែរគាត់ជាអ្នកប្រាជ្ញ ជាគ្រូបង្រៀន និងទស្សនវិទូកើតនៅប្រទេសក្រិកបុរាណ ហើយវិធីនៃទស្សនវិជ្ជារបស់គាត់ត្រូវបានដាក់ជាមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធតក្កវិជ្ជា និងទស្សនវិជ្ជារបស់លោកខាងលិច។

សូក្រាត មិនមែនជាកូនមកពីគ្រួសារអភិជននោះទេ គាត់កើតក្នុងគ្រួសារធម្មតា ដែលមានឪពុកជាជាងចម្លាក់ និងម្ដាយជាឆ្មប ដូច្នេះហើយគាត់បានទទួលការអប់រំភាសាក្រិចជាមូលដ្ឋាន ហើយបានរៀនជំនាញរបស់ឪពុកគាត់តាំងពីក្មេង។ គេត្រូវបានគេជឿជាក់ថា សូក្រាតបានធ្វើការជាជាងចម្លាក់អស់រយៈពេលជាច្រើនឆ្នាំ មុនពេលគាត់លះបង់ជីវិតរបស់គាត់ទៅនឹងទស្សនវិជ្ជា។

ជាអ្នកប្រាជ្ញដែលមានចំណេះដឹងជ្រៅជ្រះ ទូលំទូលាយសូក្រាតធ្លាប់បានលើកឡើង ពីការយល់ឃើញរបស់គាត់ចំពោះលក្ខណៈប្រទេសដែលមានការការចម្រើន។ អ្នកប្រាជ្ញារូបនេះបាននិយាយថា៖ « ដើម្បីសម្គាល់ថាប្រទេសមួយដែលរីកចម្រើន គឺត្រូវមើលទៅលើចំណុច ៣ នោះគឺ មានអ្នកប្រាជ្ញច្រើន មានអ្នកមានច្រើន និងយោធាមានវិន័យច្បាស់លាស់ »៕


នាំមកជូនដោយៈ LKO888KH




Saturday, 24 October 2020

ក្នុងវ័យ ៨៨ឆ្នាំ មែនពិត តែ Warren Buffett នៅតែមានជីវិតរស់នៅបានយ៉ាងល្អប្រសើរ មិនទ្រុឌទ្រោម មិនចាំបាច់តមអាហារ តើគាត់មានអាថ៌កំបាំងអ្វី?

 

នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway និងជាអ្នកមានបំផុតទី៤ នៅលើពិភពលោក បានបង្ហាញពីរបៀបរស់នៅដ៏ប្លែករបស់គាត់នៅក្នុងបទសម្ភាសន៍រយៈពេល ៣ ម៉ោងជាមួយកាសែត Financial Times ។ លោក Warren Buffett បានប្រាប់ FT ថា លោកគ្មានផែនការចូលនិវត្តន៍ទេ ទោះបីគាត់មានវ័យកាន់តែចាស់ មានន័យថា គាត់នៅតែអាចធ្វើការបានធម្មតា តែត្រូវពាក់ឧបករណ៍ជំនួយក្នុងការស្តាប់ ហើយចៀសវាងបើកបរពេលយប់ តែគាត់នៅតែក្រោកពីគ្រែរាល់ថ្ងៃទៅធ្វើការ។

មហាសេដ្ឋីរូបនេះបាននិយាយថា៖ « គាត់ញ៉ាំ McDonald ៣ ដងក្នុងមួយសប្តាហ៍ និងកូការៀងរាល់ថ្ងៃ ព្រោះគាត់មិនត្រូវបានរំខានដោយសេចក្ដីស្លាប់ »។ ហើយចំពោះលោក Buffett ការធ្វើការគាត់ហៅថា « វិស្សមកាលរាល់ថ្ងៃ »។

ទន្ទឹមនឹងនេះ លោក Buffett មានទម្លាប់ញ៉ាំសាច់មាន់របស់ McDonald’s ចំនួនបីដងក្នុងមួយសប្តាហ៍ ហើយបើនិយាយពីរបបអាហាររបស់គាត់វិញ តាំងពីដើមរហូតមកដល់វ័យចំណាស់នេះមែនពិត តែលោកនៅតែទទួលទានអាហារដូចដើម ដោយមិនខ្លាចប៉ះពាល់សុខភាព។ ជាក់ស្ដែងមហាសេដ្ឋីរូបនេះ ចូលចិត្តទទួទានអាហារមានជាតិ ខ្លាញ់ និងផ្អែមច្រើន ហើយមិនសូវទទួលទានបន្លែទេ ជាងនេះគាត់ចូលចិត្តប្រភេទភេសជ្ជៈសូដា និងកូកា ដោយក្នុងមួយថ្ងៃគាត់ទទួលទានអស់ដល់ទៅ ៥ កំប៉ុង។

ចំពោះរបបរអាហារមិនធម្មតារបស់គាត់ លោក Buffett បាននិយាយយ៉ាងធ្វើព្រងើយថា៖ « ខ្ញុំមិនភ័យព្រួយនឹងគំនិតនៃការស្លាប់ទេ រហូតមកដល់ថ្ងៃនេះខ្ញុំមិនមានផែនការឈប់ធ្វើការ និងឈប់ទទួលទានរបបអាហារដូចរាល់ថ្ងៃនេះដែរ។ ខ្ញុំសប្បាយរីករាយពេលនេះជាមួយអ្វីដែលខ្ញុំធ្វើ ជាងអ្វីដែលខ្ញុំគិតថា ខ្ញុំបានចំណាយពេលរស់នៅអស់ ៨៨ឆ្នាំ លើពិភពលោក »៕








នាំមកជូនដោយៈ LKO888KH



Wednesday, 21 October 2020

ស្ថាបនិក Alibaba បុរសមាឌល្អិត តូចតែខ្លឹម​ បង្ហើបខ្ទេចពីមេរៀនជីវិតដ៏មានតម្លៃបំផុតទាំង ៥

 បើនិយាយពីអ្នកជំនួញដែលជោគជ័យបំផុតក្នុងប្រទេសចិនគ្មានអ្នកណាក្រៅពីមហាសេដ្ឋី Jack Ma នោះទេ ដោយស្ដេចជំនួញរូបនេះបានចាប់ផ្តើមក្រុមហ៊ុន Alibaba ក្នុងឆ្នាំ ១៩៩៩ ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏សំខាន់បំផុតមួយនៅលើពិភពលោក។ ស្ថាបនិកក្រុមហ៊ុនតម្លៃពាន់លានដុល្លាររូបនេះ ត្រូវបានរស់ធំធាត់ឡើងក្នុងគ្រួសារក្រីក្រ និងមានការអបរំតិចតួចណាស់ តែបច្ចុប្បន្នមិនត្រឹមតែក្លាយជាកំពូលអ្នកមានប៉ុណ្ណោះទេ តែក៏ជាបុគ្គលដែលត្រូវបានគេចាត់ទុកថា ជាអ្នកផ្ដល់ដំបូន្មានដ៏ល្អៗ សម្រាប់ជំរុញគំនិត ក៏ដូចជាលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យទទួលបានជោគជ័យផងដែរ។


យ៉ាងណាមិញតាមរយៈបទពិសោធន៍ជីវិតដ៏តស៊ូរបស់មហាសេដ្ឋីរូបនេះ បានរំលេចនូវមេរៀនជីវិតចំនួន ៥ ដែលយើងគួររៀនសូត្រពីគាត់៖


១. គិតទៅមុខជានិច្ច៖ លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba ធ្លាប់និយាយថា៖ « យើងទទួលបានជោគជ័យនៅថ្ងៃនេះ មិនមែនដោយសារយើងធ្វើបានល្អនៅថ្ងៃនេះទេ គឺពួកយើងមានក្ដីសុបិន្តតាំងពី ១៥ឆ្នាំមុនមកម្ល៉េះ »។



២. លុយមិនមែនជាសុភមង្គលទេ តែវាជាការទទួលខុសត្រូវ៖ មហាសេដ្ឋីដែលធ្លាប់ធ្វើជាគ្រូបង្រៀនអង់គ្លេសនៅប្រទេសចិនបាននិយាយថា៖ « នៅពេលខ្ញុំបញ្ចប់ការសិក្សាខ្ញុំរកបាន ២០ ដុល្លារក្នុងមួយខែ ពេលនោះពិតជាអស្ចារ្យណាស់។ នៅពេលអ្នកមានលុយមួយលានដុល្លារ អ្នកគឺជាមនុស្សមានសំណាងម្នាក់។ នៅពេលអ្នកមានលុយ ១០ លានដុល្លារ អ្នកនឹងមានបញ្ហាឈឺក្បាលជាច្រើន។ នៅពេលអ្នកមានប្រាក់ច្រើនជាងមួយកោដិដុល្លារ ឬ មួយរយលានដុល្លារ នោះគឺជាទំនួលខុសត្រូវដែលអ្នកមាន – វាជាការទុកចិត្តរបស់មនុស្សលើអ្នក ពីព្រោះមនុស្សជឿថាអ្នកអាចចំណាយប្រាក់បានល្អជាងអ្នកដទៃ »។



៣. រំពឹង អ្វីដែលលើសពីការស្មាន៖ លោក Ma គឺជាហ្វេនដ៏ងប់ងល់ម្នាក់នៃខ្សែភាពយន្តដ៏ល្បីគឺរឿង Forrest Gump ដែលបានដឹកនាំគាត់ឲ្យរៀនតស៊ូនឹងជិវិត តាមរយៈការយកគំរូពីសាច់រឿងនេះ។ គាត់បា​ននិយាយថា៖ « ជីវិត គឺប្រៀបដូចជាប្រអប់សូកូឡាមួយ ។ អ្នកមិនដឹងថាអ្នកនឹងទទួលបានអ្វីទេនៅថ្ងៃមុខ »។



៤. ដើម្បីទទួលបានជោគជ័យ អ្នកមិនចាំបាច់មានខ្សែ ឬ ខ្នងធំទេ៖ លោក Ma ដែលបានចាប់ផ្តើម Alibaba ចេញពីផ្ទះរបស់គាត់នៅហាំងចូវ ប្រទេសចិនបាននិយាយថា៖ « យើងមិនមានឪពុកអ្នកមាន ឬ ពូដ៏ពូកែម្នាក់នោះទេ។ យើងមានតែអតិថិជនដែលគាំទ្រយើងតែប៉ុណ្ណោះ »។


៥. ដើម្បីផ្លាស់ប្តូរពិភពលោកសូមវិនិយោគលើយុវជន៖ ត្រង់ចំណុចនេះ មហាសេដ្ឋីចិនរូបនេះបាននិយាយថា៖ « ដើម្បីផ្លាស់ប្ដូរពិភពលោក គឺជួយអ្នកដែលចង់ទទួលបានជោគជ័យ ពោលជួយយុវជន ព្រោះមនុស្សវ័យក្មេងនឹងមានគ្រាប់ពូជដែលអ្នកកប់នៅក្នុងគំនិតរបស់ពួកគេ ហើយនៅពេលធំឡើងពួកគេនឹងផ្លាស់ប្តូរពិភពលោក »


នាំមកជូនដោយៈ LKO888KH




Monday, 19 October 2020

អ្នកមានកាន់តែមាន ព្រោះពួកគេមិនចាយលុយលើរឿងទាំង ៥ នេះ

មនុស្សគ្រប់គ្នាតែងគិតថាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដមអាចទិញរបស់របរគ្រប់យ៉ាង និងអ្វីៗដែលពួកគេចង់បាន ប៉ុន្តែការពិតជាក់ស្ដែងមិនដូចនេះទេ នៅពេលឈានដល់កម្រិតមានកាន់តែខ្លាំង ពួកគេកាន់តែសន្សំសំចៃ ពោលគឺមិនចំណាយប្រាក់ខ្ជះខ្ជាយ និងអត់ប្រយោជន៍នោះទេ ដូច្នេះហើយទើបមានទស្សនៈមួយចំនួនតែងលើកឡើងថា អ្នកមានកាន់តែមាន អ្នកក្រនៅតែក្រ ព្រោះអ្នកមានមិនដែលខ្ជះខ្ជាយលុយរបស់ពួកគេលើរឿងទាំង​នេះទេ៖


 ១.ទិញរបស់របរតាមចិត្តនឹកឃើញ៖ ប្រាកដណាស់វាពិតជាពិបាកហាមឃាត់ចិត្តខ្លួនឯងនៅពេលដែលឃើញរបស់របរស្អាតៗ ហើយប្លែកទាក់ភ្នែកយើង ប៉ុន្តែការទិញតាមតែចិត្ត​នឹកឃើញនេះ គឺជារឿងដែលអ្នកនឹងមិនដែលឃើញអ្នកមានធ្វើ។ ជាក់ស្ដែងកំពូលវិនិយោគិន Warren Buffet ធ្លាប់បានប្រាប់ Forbes ថា៖ « ប្រសិនបើអ្នកទិញរបស់របរដែលអ្នកមិនត្រូវការ ក្នុងពេលឆាប់ៗអ្នកនឹងត្រូវលក់របស់ដែលអ្នកត្រូវការ »។

២.កេរ្តិ៍មរតកដល់កូនៗ៖​ យើងតែងគិតថានៅពេលក្លាយជាសេដ្ឋីមានលុយច្រើន នឹងត្រៀមទុកជាកេរ្តិ៍ចែកដល់កូនៗ និងចៅៗ ឲ្យរស់នៅសំបូរសប្បាយមិនបាច់នឿយហត់ដូចយើងពីមុន។ ប៉ុន្តែសម្រាប់មហាសេដ្ឋីដែលបង្កើតដោយខ្លួនឯងភាគច្រើននៅលើពិភពលោក មរតកដែលពួកគេចែកដល់កូនគឺមិនមែនជាលុយទេ។ ស្ថាបនិក Microsoft និង ស្ថាបនិក Facebook បាននិយាយថា ពួកគេចង់ឲ្យកូន ៗ រកផ្លូវរបស់ពួកគេជាជាងពឹងផ្អែកលើការកេរ្តិ៍មរតក ហើយជំនួសឲ្យការចែកកេរ្តិ៍ដល់កូនៗ មហាសេដ្ឋីទាំងពីររូបនេះកំពុងផ្តល់ទ្រព្យសម្បត្តិរបស់ពួកគេដល់សប្បុរសធម៌ ដើម្បីជួយដល់អ្នកដែលត្រូវការវាបំផុត។


៣.ប៉ុស្តិ៍ទូរទស្សន៍ និងហ្គេមវីដេអូ៖ អ្នកមានមិនបានបង្កើតទ្រព្យរបស់ពួកគេ ដោយអង្គុយនៅជុំវិញ ហើយសម្លឹងមើលអេក្រង់ទូរទស្សន៍ពេញមួយថ្ងៃនោះទេ។ នោះហើយជាមូលហេតុដែលពួកគេមិនខ្ជះខ្ជាយលុយលើកញ្ចប់ទូរទស្សន៍ ឬ ហ្គេមវីដេអូហ្គេមទំនើបចុងក្រោយបង្អស់។ យោងតាមទិន្នន័យឆ្នាំ២០១៥ ពី Nielsen មនុស្សពេញវ័យក្នុងគ្រួសារដែលមានប្រាក់ចំណូលប្រចាំឆ្នាំក្រោម ២៥,០០០ ដុល្លារ បានចំណាយលើប្រព័ន្ធផ្សព្វផ្សាយដែលចំណាយពេលច្រើន (តាមរយៈទូរទស្សន៍ វីដេអូហ្គេម ឬ វិទ្យុ) បើប្រៀបធៀបនឹងមនុស្សពេញវ័យក្នុងគ្រួសារដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាង ៧៥,០០០ ដុល្លារ។ លោក Thomas Corley អ្នកនិពន្ធនៃសៀវភៅទម្លាប់អ្នកមាន បានលើកឡើងថា៖ ទម្លាប់ជោគជ័យប្រចាំថ្ងៃរបស់អ្នកមានទ្រព្យសម្បត្តិច្រើនបានរកឃើញថា ៦៧% នៃអ្នកមាននិយាយថាពួកគេមិនមើលទូរទស្សន៍ទេ។


៤.ម៉ាកប្រណិត៖ មហាសេដ្ឋីអាចមានលទ្ធភាពទិញម៉ូដចុងក្រោយបំផុតពីអ្នករចនាកំពូលៗ ប៉ុន្តែនេះមិនមែនមានន័យថា ពួកគេចំណាយប្រាក់ដែលរកបានដោយការលំបាករបស់ពួកគេទៅលើសម្លៀកបំពាក់ដែលមានតម្លៃខ្ពស់នោះទេ។ តាមពិតស្ថាបនិកក្រុមហ៊ុន IKEA លោក Ingvar Kamprad បានប្រាប់ Newsweek ថា គាត់មិនពាក់សម្លៀកបំពាក់ប្រេនៗ ដើម្បីធ្វើជាគំរូល្អទេ គាត់ចូលចិត្តតែសម្លៀកបំពាក់ពីផ្សារជជុះតែប៉ុណ្ណោះ ហើយលោក Bill Gates k*បានប្រាប់ថា គាត់នៅតែពាក់នាឡិកាតម្លៃ ១០ ដុល្លារ បើទោះបីជាគាត់អាចមានលទ្ធភាពទិញនាឡិកា Rolexes ទាំងនេះហើយ គឺជាល្បិចដែលអាចជួយសន្សំប្រាក់អ្នកបាន ១០០០ ដុល្លារក្នុងមួយខែ។


៥.ការចូលនិវត្តន៍៖ មហាសេដ្ឋីបង្កើតដោយខ្លួនឯងភាគច្រើនមិនមានគម្រោង​ចូលនិវត្តន៍នោះទេ នេះបើយោងតាម​​ CNBC ។ ការសិក្សាឆ្នាំ២០១០ ពីទ្រព្យសម្បត្តិរបស់ Barclays ដែលបានចេញផ្សាយនៅ CNBC បានបង្ហាញថាសេដ្ឋី ៥៤% ចង់ធ្វើការត្រឹមត្រូវក្នុងកំឡុងពេលចូលនិវត្តន៍របស់ពួកគេ ហើយ ៦០% នៃមនុស្សដែលមានប្រាក់សុទ្ធ ១៥ លានដុល្លារគ្រោងនឹងធ្វើការ ដោយមិនខ្វល់ពីអាយុរបស់ពួកគេឡើយ។ ខណៈមនុស្សជាច្រើនគិតថាពេលមានលុយច្រើន នឹងចូលនិវត្តន៍សោយសុខលើគំនរទ្រព្យសម្បត្តិដែលរកបាន៕



នាំមកជូនដោយៈ LKO888KH





Saturday, 17 October 2020

មហាសេដ្ឋី Bill Gates៖ នេះគឺជាដំបូន្មានល្អបំផុតដែលគាត់នឹងផ្តល់ឱ្យខ្លួនឯងនៅក្នុងវ័យ ១៩ ឆ្នាំរបស់គាត់

 

ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft លោក Bill Gates បាននិយាយនៅក្នុងសុន្ទរកថាមួយថា ដំបូន្មានល្អបំផុតរបស់លោក ដែលគាត់នឹងផ្ដល់ឲ្យខ្លួនឯងនៅពេលគាត់មានអាយុ ១៩ឆ្នាំ គឺ « ភាពឆ្លាត មិនចាំបាច់ជារឿងសំខាន់បំផុតនៅក្នុងជីវិតទេ »។ យោងតាមលោក Gates បញ្ញាបច្ចេកទេសដែលកំណត់សិស្សល្អ និងអាក្រក់ មិនពាក់ព័ន្ធនឹងភាពជោគជ័យទេ។

មហាសេដ្ឋីដែលបានចាកចេញពីសាកលវិទ្យាល័យ ដើម្បីបង្កើតកម្មវិធីដែលធ្វើបដិវត្តពិភពបច្ចេកវិទ្យាពត៌មានបាននិយាយថា បន្ទាប់ពីមានបទពិសោធន៍ជាច្រើនឆ្នាំគាត់យល់ថា បញ្ញាមិនជំរុញអ្នកឲ្យទទួលបានជោគជ័យដូចដែលអ្នកបានគិតនោះទេ។ ស្ថាបនិករូបនេះបាននិយាយថា ប្រសិនបើគាត់អាចត្រលប់ទៅកាលពីក្មេង គាត់នឹងផ្តល់ដំបូន្មានដ៏មានតម្លៃមួយចំនួនទាំងនេះដល់ខ្លួនឯង។


កាលនៅក្មេងលោក Gates ជានិស្សិតគំរូនៅឯសាលាឯកជនមួយនៅទីក្រុង Seattle ដែលសម្គាល់ដោយពិន្ទុ ១៥៩០ នៅលើ SAT (ក្នុងពិន្ទុសរុប ១,៦០០) ដែលជាប្រភេទនៃការប្រលងចូលមហាវិទ្យាល័យដែលផ្តល់ឱ្យគាត់នូវកន្លែងមួយនៅសាកលវិទ្យាល័យល្បីឈ្មោះនៅ Harvard។ គាត់បានចុះឈ្មោះចូលរៀនផ្នែកច្បាប់ ទោះបីជាយុវជនជាច្រើនមិនដឹងថាគាត់ចង់ធ្វើអ្វីពិតប្រាកដក៏ដោយ ហើយទោះជាយ៉ាងណាក៏ដោយគាត់បានចំណាយពេលភាគច្រើនរបស់គាត់នៅលើកុំព្យូទ័រមុនពេលឈប់រៀននៅមហាវិទ្យាល័យនៅឆ្នាំ១៩៧៥ ។


លោកបាននិយាយថា៖ «ខ្ញុំជាសិស្សពូកែ ប៉ុន្តែខ្ញុំមិនបានឈានដល់កន្លែងដែលខ្ញុំមកទេ ព្រោះខ្ញុំពូកែតែពេលធ្វើតេស្ត ត្រង់នេះខ្ញុំចង់ពន្យល់ថា បញ្ញាបច្ចេកទេសមិនប្លែកទេហើយក៏មិនសំខាន់ដូចអ្វីដែលខ្ញុំបានគិតនៅពេលខ្ញុំចាប់ផ្តើមដែរ »។

ប៉ុន្តែនៅពេលសួរថាតើជោគជ័យទាំងអស់នោះបានមកពីណា លោក Gates បានសំដៅទៅលើសហគ្រិនមហាសេដ្ឋីម្នាក់ទៀតនោះ គឺលោក Warren Buffet ដែលបាននិយាយថា ពួកយើងអាចរកឃើញថា ពួកយើងអាចឈានដល់ចំណុចនេះ នៅពេលដែលមនុស្សស្និទ្ធនឹងអ្នក សប្បាយចិត្តជាមួយអ្នក ឬ ស្រលាញ់ចូលចិត្តអ្នក។ បន្ថែមពីលើការធ្វើល្អដើម្បីទទួលបានអារម្មណ៍បែបនោះ អ្នកត្រូវធ្វើរឿងជាច្រើនទៀតដូចជា ធ្វើគ្រប់យ៉ាងដើម្បីច្នៃប្រឌិតអ្វីមួយ ចិញ្ចឹមកូនឲ្យបានល្អ ឬ ជួយមនុស្សដែលខ្វះខាត៕


នាំមកជូនដោយៈ LKO888KH




Friday, 16 October 2020

មហាសេដ្ឋីកាណាដា៖ « កុំចំណាយលុយលើរឿងអស់ទាំងនេះ ប្រសិនបើអ្នកមានបំណុលជាប់​ខ្លួន ព្រោះការសងបំណុលជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ »

 

មហាសេដ្ឋីកាណាដាដែល​ជោគជ័យផ្នែកហិរញ្ញវត្ថុមួយរូបបាននិយាយថា៖ « កុំចំណាយលុយលើភេសជ្ជៈថ្លៃៗដូចជាកាហ្វេ ប្រសិនបើអ្នកជាប់បំណុលក្នុង​ខ្លួន » ហើយនេះគឺជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ លោក Kevin O’Leary ជាមហាសេដ្ឋីសញ្ជាតិកាណាដា ដែលគ្រប់គ្រងជំនួញផ្ទាល់ខ្លួនផង ជាអ្នកនិពន្ធ អ្នកផលិតកម្មវិធីលើទូរទស្សន៍ផង ហើយក៏ជាអ្នកនយោបាយមួយរូបដែរ។

ជាការពិតណាស់នៅលើលោកនេះ គ្មាននរណាម្នាក់ដែលមិនធ្លាប់មានបំណុលជាប់ខ្លួននោះទេ គ្រាន់តែមានតិច និងច្រើនតែប៉ុណ្ណោះ។ និយាយពីរឿងបំណុលមហាសេដ្ឋីវ័យ ៦៦ឆ្នាំ រូបនេះ បានលើកឡើងថា ការសងបំណុលដែលយើងមាន គឺជាគន្លឺះ ដើម្បីទទួលបានជោគជ័យផ្នែកហរិញ្ញវត្ថុ។

ជុំវិញការលើកឡើងរបស់ខ្លួនលោក Kevin O’Leary បានពន្យល់ថា ប្រសិនបើអ្នកជាប់បំណុលកម្ចីសិក្សា ប្រសិនបើអ្នកមានបំណុលជាប់ខ្លួន ឬ អ្នកមានគោលដៅក្នុងការទិញរបស់ ឬ ធ្វើរឿងសំខាន់ផ្សេងៗដូចជា ទិញផ្ទះ ជាដើមនោះ អ្នកត្រូវសងបំណុល ឬ ទូទាត់សម្រាប់អ្វីដែលអ្នកចង់បានជាមុនសិន។ អ្នកត្រូវសងបំណុលមុនពេលអ្នកចំណាយ ៤ដុល្លារ លើកាហ្វេមួយកែវ ហេតុអ្វីបានជាអ្នកមិនធ្វើដូច្នេះ?

លោក O’Leary បានមានប្រសាសន៍ថា បំណុលក៏អាចជាឧបសគ្គដ៏ធំមួយ ក្នុងការឈានទៅរកគោលដៅហិរញ្ញវត្ថុផ្សេងទៀតដូចជា សន្សំសម្រាប់ការចូលនិវត្តន៍ ឬ ត្រៀមទុកសម្រាប់ធ្វើរឿងសំខាន់ៗដូចជា ការទិញផ្ទះជាដើម។ហើយជាក់ស្ដែង​ វាចាំបាច់ណាស់ក្នុងការសងបំណុល ពីព្រោះការប្រាក់ដែលអ្នកចំណាយលើការខ្ចីប្រាក់អាចមានតម្លៃថ្លៃ ដូច្នេះហើយអ្នកត្រូវលុបចោលការចំណាយទាំងនោះជាមុន បន្ទាប់មកអ្នកនឹងមានលុយគ្រប់គ្រាន់ សម្រាប់ចំណាយខ្ពស់ទៅលើអ្វីដែលអ្នកចង់បាន ប៉ុន្តែមិនមែនរហូតដល់ត្រូវជំពាក់បំណុលគេនោះទេ។

ជាមួយគ្នានេះដែរមហាសេដ្ឋីរូបនេះបានលើកឡើងពីបទពិសោធន៍ខ្លួនផ្ទាល់ ជំនួសឱ្យការចំណាយប្រាក់របស់គាត់ទៅលើរបស់ផ្សេងៗដូចជា កាហ្វេ គាត់ចូលចិត្តវិនិយោគសាច់ប្រាក់បន្ថែម។ គាត់បានលើកឡើដូច្នេះថា « អ្វីដែលខ្ញុំបានរៀនធ្វើ ហើយអ្វីដែលបានជួយខ្ញុំក្នុងការរក្សាកំណើននៅក្នុងការវិនិយោគផ្ទាល់ខ្លួនរបស់ខ្ញុំ គឺនៅពេលណាដែលខ្ញុំទិញរបស់ដែលខ្ញុំនឹងទិញ ខ្ញុំនិយាយទៅកាន់ខ្លួនឯងថាតើខ្ញុំពិតជាត្រូវការវាទេ? ព្រោះបើខ្ញុំមិនទិញវាលុយនឹងត្រូវវិនិយោគ និងអាចរកលុយឲ្យខ្ញុំបានជារៀងរាល់ឆ្នាំដោយមិនលំបាក »៕





នាំមកជូនដោយៈ LKO888KH




Wednesday, 14 October 2020

តាមពិតបែបនេះសោះ! មហាសេដ្ឋីលំដាប់ពិភពលោក ៣ រូបនេះ កាន់តែមានឡើងៗក្នុងវិបត្តិកូវីដ ដោយសាររឿងមួយនេះ

 

ការរីករាលដាលនៃវីរុស Covid-19 និងការបិទទ្វារសេដ្ឋកិច្ចជាបន្តបន្ទាប់បានផ្លាស់ប្ដូរអនាគត​ហិរញ្ញវត្ថុរបស់ជនជាតិអាមេរិករាប់លាននាក់ ប៉ុន្តែមិនមែនអាក្រក់ទាំងអស់នោះទេ។ ជាក់ស្ដែងក្នុងរយៈពេល ៦ ខែ នៃការបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាល មហាសេដ្ឋីអាមេរិកបានក្លាយកើនឡើងទ្រព្យសម្បត្តិ ២៩% ពោលគឺច្រើនជាងមុនពេលដែលជំងឺរាតត្បាតបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅក្នុងខែមីនា នេះបើយោងតាមការស្រាវជ្រាវពីអ្នកជំនាញវិទ្យាស្ថានសិក្សាគោលនយោបាយ ((IPS)។

យោងតាម ​​IPS បានឱ្យដឹងថា លោក Elon Musk រកបានដល់ទៅជាង ៦៧.៤ ពាន់លានដុល្លារក្នុងរយៈពេលនោះដែលបានបង្កើនទ្រព្យសម្បត្តិរបស់លោក ២៧៣.៨% ។ ចំនែកទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានកើនឡើង ៤៩.៩ ពាន់លានដុល្លារ (កើនឡើង ៨៣.៩%) ក្នុងចន្លោះខែមីនា និងកញ្ញា ខណៈពេលដែលលោក Jeff Bezos ទទួលបានប្រាក់ចំណេញច្រើន ដូច្នេះនៅក្នុងខែសីហា លោកបានក្លាយជាមនុស្សដំបូងក្នុងប្រវត្តិសាស្ត្រជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង ២០០ ពាន់លានដុល្លារ។


ទោះជាយ៉ាងណា មានភាពខុសគ្នាខ្លាំងចំពោះជនជាតិអាមេរិកាំងទូទៅ ជាក់ស្ដែងអត្រាគ្មានការងារធ្វើរបស់ជនជាតិអាមេរិកនៅតែមាន ៨.៤%​ ដដែល បើទោះបីជាចំនួនអ្នកអត់ការងារធ្វើសរុបរបស់អាមេរិកបានធ្លាក់ចុះពីកំរិតខ្ពស់បំផុតនៅខែមេសាក៏ដោយ។ ទន្ទឹមនឹងនេះដែរមនុស្សពេញវ័យចំនួន ២៩ លាននាក់បានរាយការណ៍ថា គ្រួសាររបស់ពួកគេពេលខ្លះ ឬ ជាញឹកញាប់មិនមានអាហារគ្រប់គ្រាន់ ក្នុងការបរិភោគក្នុងមួយសប្តាហ៍កន្លងមកនេះ អ្នកជួល ១៥ លាននាក់កំពុងរងការខាតបង់ហើយកម្មករដែលភ័យព្រួយខ្លាំងថាពួកគេមិនអាចទទួលបានការងារធ្វើវិញមានការកើនឡើង។


ទាក់ទិននឹងបញ្ហានេះលោក Jared Bernstein សេដ្ឋវិទូនៅក្នុងសន្និសីទកាសែតមួយស្តីពីការជជែកដេញដោលអំពីពន្ធលើទ្រព្យសម្បត្តិរបស់រដ្ឋញូវយ៉កបាននិយាយថា៖ « មធ្យោបាយមួយដើម្បីគិតអំពីសេដ្ឋកិច្ចបច្ចុប្បន្ នគឺនិន្នាការពីរកំពុងកើនឡើងយ៉ាងខ្លាំង នោះមួយគឺផ្សារហ៊ុន ហើយមួយទៀតគឺ ការអត់ឃ្លាន »។



នាំមកជូនដោយៈ LKO888KH