(អាមេរិក)៖ ការសិក្សាថ្មីមួយរបស់មន្ទីរពិសោធន៍ជាតិ Lawrence Livermore (LLNL) នៃរដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក បានបង្ហាញឲ្យឃើញថា ប្រព័ន្ធព្រះអាទិត្យយើងបានពូនផ្តុំឡើង នៅក្នុងរយៈពេលតិចជាង ២០០,០០០ឆ្នាំប៉ុណ្ណោះ ខណៈដែលការសិក្សាកាលពីប៉ុន្មានទសវត្សរ៍បានអះអាងថា ប្រព័ន្ធដែលមានតារាមួយដួង និងភពផ្លូវការចំនួន ៨នេះ ត្រូវការពេលរាប់លានឆ្នាំ ទើបអាចលេចចេញជារូបរាង។
ការសិក្សាថ្មីខាងលើនេះ គឺបានមកពីអាចម៍ផ្កាយមួយដុំ ដែលក្រុមអ្នកវិទ្យាសាស្ត្ររបស់ LLNL បានធ្វើការអង្កេតយ៉ាងដិតដល់ ទៅលើអ៊ីសូតូប (isotopes) នៃរូបធាតុ molybdenum ដែលត្រូវបានរកឃើញនៅក្នុងដុំអាចម៍ផ្កាយមួយ។ ការពិនិត្យរូបធាតុមួយនេះ អាចធ្វើឲ្យយើងវិភាគដឹងថា ព្រះអាទិត្យ និងប្រព័ន្ធទាំងមូលត្រូវបានបង្កើតចេញជារូបរាង នៅក្នុងរយៈពេលមិនដល់ ២០០,០០០ឆ្នាំនោះឡើយ។ (ម៉ូលីបដេនឹម គឺជាលោហៈពណ៌ស ដែលមានលក្ខណៈរលោង និងមានភាពធន់នឹងការច្រេះ ហើយវាក៏ជាមីក្រូសារជាតិចាំបាច់សម្រាប់ជីវិតផងដែរ)
បើតាមការសិក្សាពីមុន ដោយការអង្កេតមើលប្រព័ន្ធផ្កាយលំដាប់ Stellar ដូចព្រះអាទិត្យយើង ក្រុមតារាវិទូធ្លាប់ធ្វើការសន្មត់ថា ប្រព័ន្ធព្រះអាទិត្យយើងត្រូវការពេលចន្លោះពី ១-២លានឆ្នាំ ទើបអាចប្រមូលផ្តុំចេញជារូបរាងបាន។ (ព្រះអាទិត្យត្រូវបានបង្កើតឡើងកាលពីជាង ៤.៥ពាន់លានឆ្នាំមុន នៅពេលមានពពកធូលី Nebula និងឧស្ម័នក្នុងទីអវកាសបានជួបប្រសព្វគ្នា ដោយសារកម្លាំងទំនាញរបស់វា។ បាតុភូតនេះបានធ្វើពពកធូលី និងឧស្ម័ននេះវិលជុំវិញគ្នា ក្លាយជាបន្ទះឌីសដ៏ធំមហិមាមួយ ហើយបង្កើតចេញជាព្រះអាទិត្យយើងនៅចំកណ្តាលរបស់វា។ ជាយនៃបន្ទះឌីសធូលីនោះ ក្រោយមកបានក្លាយជាភពផ្សេងៗនៅជុំវិញព្រះអាទិត្យរបស់យើង ដែលរួមទាំងផែនដីផងដែរ និងត្រូវបានគេហៅថា ប្រព័ន្ធព្រះអាទិត្យ)។
ប៉ុន្តែសម្រាប់តួលេខក្រោម ២០០,០០០ឆ្នាំបែបនេះ គឺអាចចាត់ទុកថា ជាលទ្ធផលនៃការសិក្សាច្បាស់លាស់ដំបូង អំពីអាយុកាលនៃការកកើតប្រព័ន្ធផ្កាយយើង នៅក្នុងដំណាក់កាលដំបូងៗ។ ២០០,០០០ឆ្នាំពិតជាយូរខ្លាំងបំផុត បើមនុស្សយើងគិតអំពីពេលវេលានៅលើភពផែនដី ប៉ុន្តែសម្រាប់ចក្រវាឡទាំងមូលវិញ រយៈពេលប៉ុណ្ណឹងពិតជាឆាប់រហ័សខ្លាំងណាស់។
អ្នកដឹកនាំការស្រាវជ្រាវមួយរូបរបស់ LLNL ឈ្មោះ Greg Brennecka បានលើកឡើងថា «ការងារនេះបង្ហាញអំពីការផ្ទុះនៃផ្កាយមួយ ដែលនាំឱ្យមានការបង្កើតប្រព័ន្ធព្រះអាទិត្យ ហើយវាបានប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ក្នុងរយៈពេលតិចជាង ២០០,០០០ឆ្នាំប៉ុណ្ណោះ។ ប្រសិនបើយើងយកមាត្រដ្ឋាននេះ ទៅធៀបនឹងអាយុជីវិតរបស់មនុស្សវិញនោះ ការបង្កើតប្រព័ន្ធព្រះអាទិត្យ នៅក្នុងថេរវេលាប៉ុណ្ណេះ វាស្មើនឹងការមានផ្ទៃពោះរបស់មនុស្ស ក្នុងរយៈពេលប្រហែល ១២ម៉ោងប៉ុណ្ណោះ ដើម្បីអាចបង្កើតកូនបាន ជំនួសឱ្យរយៈពេល ៩ខែ និង១០ថ្ងៃជាទូទៅ។ វាគឺជាដំណើរការយ៉ាងលឿនមួយ»។
គួរបញ្ជាក់ថា វត្ថុរឹងដែលមានវ័យចំណាស់បំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង គឺមានផ្ទុកទៅដោយធាតុផ្សំអាលុយមីញ៉ូម និងកាល់ស្យូមដ៏ក្រាស់ក្រែល ដែលយើងហៅកាត់ថា CAIs (calcium-aluminum–rich inclusions) ជាដំណក់លោហធាតុតូចៗដែលបានប្រមូលផ្តុំនៅក្នុងដុំថ្មអវកាស ឬអាចម៍ផ្កាយនៅក្នុងប្រព័ន្ធយើង ហើយក្រោយមកត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រវែកញែកឃើញ និងសន្មត់អំពីអាយុនៃប្រព័ន្ធព្រះអាទិត្យ (ជិត ៤.៦ពាន់លានឆ្នាំ)
ដោយសារតែការសិក្សាកន្លងមក បានយោងទៅលើកត្តាផ្សេងៗគ្នា ហើយរបកគំហើញថ្មីៗ តែងតែត្រូវបានរកឃើញជានិច្ចនោះ ទើបលទ្ធផលវិភាគ និងស្រាវជ្រាវដែលចេញមក មានលក្ខណៈល្អៀងគ្នាច្រើន ឬតិចទៅតាមភស្តុតាង។ ដោយឡែកសម្រាប់ការអះអាងថា ប្រព័ន្ធព្រះអាទិត្យត្រូវបានពូនផ្តុំចេញជារូបរាង នៅក្នុងរយៈពេលមិនដល់ ២០០,០០០ឆ្នាំនោះ ក៏ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមិនអាច ធ្វើការកំណត់ច្បាស់លាស់តែម្តងឡើយថា នៅឆ្នាំមួយណាឲ្យប្រាកដដែល៕
នាំមកជូនដោយៈ LKO888KH

No comments:
Post a Comment