មនុស្សស្រីទាំងអស់មានភាពខុសៗគ្នា ខ្លះចង់មានស្នេហា មានអ្នកថ្នាក់ថ្នមយល់ចិត្ត ឯអ្នកខ្លះទៀតចូលចិត្តធ្វើអីតែម្នាក់ឯង ទៅណាមកណាក៏តែម្នាក់ឯង ហើយមានសេរីភាពបរិបូរណ៍។ អ្នកដឹងទេថា តើជាហេតុផលអ្វីខ្លះទៅ ដែលនាំឲ្យមនុស្សល្អ ពូកែខ្លាំងភាគច្រើន តែងនៅលីវយូរជាងគេជាងឯងម្ល៉េះ?
បុរសណាដែលចូលមកមានបំណងត្រឹមចង់លេងសើច គឺនាងមិនយកភ្នែកមើលដាច់ខាត ព្រោះនាំខាតពេលឥតប្រយោជន៍។ នាងសុខចិត្តចំណាយពេលយូរបន្តិច ដើម្បីបានជួបបុរសដែលល្អខ្លាំងពូកែ និងពិតប្រាកដជាមួយនាង។
មនុស្សប្រុសអាចនឹងមិនហ៊ានសុំស្នេហ៍ ព្រោះគិតថានាងវាយឫក ឬមានម្ចាស់គ្រងបេះដូងរួចហើយ ប៉ុន្តែតាមការពិត វាគ្រាន់តែចរិតធម្មជាតិរបស់នាងប៉ុណ្ណោះ នាងក៏មានមនោសញ្ចេតនាដូចជានារីដទៃទៀតអីចឹងដែរ។ គ្រាន់តែមានភាពម៉ឺងម៉ាត់ និងតឹងតែងចំពោះរឿងមនុស្សប្រុស ដូចនេះហើយទើបគ្មាននរណាមកក្បែរ។
នាងចង់ទៅទីណា ចង់ធ្វើអ្វីមួយដោយគ្មានអ្នករំខាន។ និយាយរួមទៅគឺតែងធ្វើអ្វីដែលតម្រូវចិត្តខ្លួនង មិនចង់ឲ្យមានមនុស្សមករារាំង ឬរញ៉េរញ៉ៃបំផ្លាញគម្រោងការរបស់ខ្លួនឡើយ។
នាងផ្តោតសំខាន់តែលើគោលដៅទៅថ្ងៃអនាគត ដូចជាការសិក្សាឲ្យបានខ្ពង់ខ្ពស់ ការមានការងារឬមុខជំនួញរកស៊ីជាដើម ហើយមិនបានគិតគូរពីរឿងស្នេហានោះឡើយ។
មនុស្សស្រីបែបនេះ ចូលចិត្តមានដំណើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេសឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ចូលចិត្តប្រឡូកក្នុងសង្គម សិក្សាស្វែងយល់ពីចរិតមនុស្ស ការថ្លឹងថ្លែងនិងរៀនពីអ្វីដែលថ្មីៗនៅក្នុងជីវិត។
មុននឹងទទួលយកបុរសណាម្នាក់ជាដៃគូ នាងចង់ឲ្យខ្លួនឯងមានភាពចាស់ទុំបន្តិចសិន ដោយមិនតក់ក្រហល់ឃើញអ្នកជុំវិញខ្លួនមានស្នេហាក៏ចង់មានតាមគេ ដោយគ្មានហេតុផលសមរម្យនោះទេ ព្រោះនាងជឿជាក់ភាពចាស់ទុំថា អាចជួយពង្រឹងចំណងស្នេហាឲ្យបានរឹងមាំល្អ។
នាងមិនមែនមិនទុកចិត្តបុរសគ្រប់គ្នានោះទេ ប៉ុន្តែដោយសារតែភាពខ្លាំងពូកែនិងភាពវ័យឆ្លាតរបស់នាង ធ្វើឲ្យនាងយល់ដឹងយ៉ាងច្បាស់ពីការឈឺចាប់ ដែលអ្នកផ្សេងទទួលនិងរងគ្រោះដោយសារស្នេហា ទោះបីជាខ្លួននាងផ្ទាល់មិនធ្លាប់មានបទពិសោធន៍ក៏ដោយ។
ទោះបីជាពេលខ្លះនាងចាប់អារម្មណ៍ជាមួយបុរសម្នាក់ហ្នឹងហើយក៏ដោយ នាងមិនឲ្យគេដឹងចិត្តនោះឡើយ នាងធ្វើជារាប់អានធម្មតាសិន ដើម្បីសិក្សាពីលក្ខណៈសម្បត្តិឲ្យបានច្បាស់លាស់ជៀសវាងជួបបុរសណាដែលល្អតែសំបកក្រៅ ហើយវាជាអ្វីដែលនាងមិនស័ក្ដិសមនឹងទទួលបាន៕